ក្រសួងចំនួន២ចុះ MoU ជំរុញកិច្ច​គាំពារ​គុណភាព​បរិស្ថាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងប្រកបដោយចីរភាព ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ត្រូវដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការការពារសុខភាពសាធារណៈ ហើយអនុលោមភាពបរិស្ថាន មិនមែនគ្រាន់តែជាកាតព្វកិច្ច តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកប​ដោយចីរភាព ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការទាក់ទាញវិនិយោគប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា និន្នាការពាណិជ្ជកម្មអន្តរជាតិកំពុងផ្តោតកាន់តែខ្លាំងលើ ផលិតកម្មបៃតង ការតាមដានប្រភពវត្ថុធាតុដើម ការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ថាមពល និងធនធានប្រ​កបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលក្លាយជាកត្តាសំខាន់ សម្រាប់ការចូលដំណើរការទីផ្សារ និងការរក្សាទំនាក់ទំនងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងជំរុញការសហការយ៉ាងជិតស្និទ្ធ រវាងអង្គភាពជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំនីតិវិធី និងយន្តការសហប្រតិបត្តិការជាក់លាក់ សំដៅធានាបាននូវភាពច្បាស់​លាស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ក្នុងការអនុវត្ត។

លោកជំទាវរដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងការអនុវត្តវិធានការតាមផ្លូវច្បាប់ ក្រសួងពាណិជ្ជកម្មនឹងបន្តផ្តោតលើ ការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន អំពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យក្រុមហ៊ុន និងសហគ្រាសអាចកំណត់ និងគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផល និងសហគ្រាសកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here