ក្រុមមន្រ្តីពិភាក្សា​ពីនិរន្តរភាព​តាម​រយៈយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចក្រា ​នៅ​ខេត្តសៀមរាប​

ដោយៈ ម៉ាណា

សៀមរាបៈ ក្រុមមន្រ្តីនៃរដ្ឋបាលខេត្តសៀមរាប បានចូលរួមក្នុងសិក្ខាសាលាស្ដីពីទីក្រុងស្អាត និរន្តរភាពតាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបចំពោះស្ថានភាពនៃការអភិវឌ្ឍន៍ទីក្រុងស្អាត និរន្តរភាព និងការគ្រប់គ្រងសំណល់រឹងរាវ ទីក្រុងទីប្រជុំជន ព្រមទាំងចែករំលែកបទពិសោធន៍ចំណេះដឹងថ្មីៗ លើការងារអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព និងការអនុវត្តសេដ្ឋកិច្ចចក្រានៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចជំរុញនូវការគាំទ្រគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត បានធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដែលរាល់សកម្មភាពសេដ្ឋកិច្ចទាំងនោះ បានបង្កើតឱ្យមានឱកាសការងារ និងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានបង្ហាញថា ជាក់ស្ដែងការកើនឡើងនៃចំនួនប្រជាជន និងកំណើនយានយន្តយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបង្កនូវបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គមដូចជា ការបំពុលខ្យល់ តម្រូវការហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ទឹក ភ្លើង ផ្លូវ) ព្រមទាំងកំណើនបរិមាណសំណល់ជាដើម ជាពិសេសសំណល់ប្លាស្ទិក និងការទុកដាក់សំណល់រឹង សំរាមមិនបានត្រឹមត្រូវ ដែលទាមឱ្យរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវមានវិធានការជាយុទ្ធសាស្ត្រ និងបន្ទាន់ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនោះ ធ្វើយ៉ាងណាជំរុញសម្រេចបានទីក្រុងស្អាត និងនិរន្តរភាពសម្រាប់ខេត្តសៀមរាប។

ជាមួយគ្នានេះ លោកហេង ចាន់ធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ការបង្កើតទីក្រុងស្អាត តាមរយៈគំរូសេដ្ឋកិច្ចចក្រា គឺជាការកសាងទីក្រុង ដែលផ្តោតលើការកាត់បន្ថយការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ឆ្លាតវៃ ដោយបង្វែរពីការប្រើប្រាស់ហើយបោះចោល មកជាការប្រើប្រាស់ឡើងវិញ រក្សាទុកធនធានឱ្យបានយូរ និងធ្វើឱ្យធម្មជាតិកកើតឡើងវិញ។ នៅក្នុងប្រទេសកម្ពុជា ទស្សនទាននេះត្រូវបានជំរុញយ៉ាងខ្លាំងតាមរយៈ “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” របស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំចម្បងបីគឺ ស្អាត បៃតង និងចីរភាព។

លោកសង្ឃឹមថា សិក្ខាសាលានេះ នឹងជួយរួមចំណែកដល់ការរៀបចំអភិបាលកិច្ចក្រុងស្រុក ប្រកបដោយនិរន្តរភាព នៅក្នុងវិស័យពាក់ព័ន្ធនានា ដូចជានគរូបនីយកម្ម កិច្ចការពារបរិស្ថាន សេវាមូលដ្ឋាននានា ការគ្រប់គ្រងសំណល់រឹងរាវ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ ការដឹកជញ្ជូន ថាមពល ទឹកស្អាត និងអនាម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here