ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់បាន អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែង នៅសិប្បកម្មសេរ៉ាម៉ិច ខេត្តសៀមរាប ដើម្បីលើកកម្ពស់ផលិតផលសិប្បកម្មខ្មែរ និងជំរុញការផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែង នៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិតផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិច ក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ ដែលមានអត្តសញ្ញាណខ្មែរ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សិប្បករ និងអ្នកផលិតក្នុងស្រុក ឱ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនភាពច្នៃប្រឌិតក្នុងការរចនា និងអភិវឌ្ឍផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់ទីផ្សារទេសចរណ៍ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងស្នាដៃសិល្បៈខ្មែរ។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបង្កើត បទពិសោធន៍ទេសចរណ៍បែបច្នៃប្រឌិត តាមរយៈការរៀបចំឱ្យភ្ញៀវទេសចរអាចទស្សនាដំណើរការផលិតសេរ៉ាម៉ិច ស្វែងយល់ពីជំនាញសិប្បកម្ម និងចូលរួមសាកល្បងផលិត ឬតុបតែងសេរ៉ាម៉ិចដោយផ្ទាល់ ដែលអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ បង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។
ដំណើរទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍ ផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ផលិតផល “ផលិតនៅកម្ពុជា” ឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពធន់ និងចីរភាព៕








