ដោយៈ ចំណាន
ភ្នំពេញៈអភិបាលរងខេត្តសៀមរាប លោកយុន លីនណេ បានអញ្ជើញចូលរួមកក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី សាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក ជូនអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកវ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងការចូករួមពីអ្នកពាក់ព័ន្ធ។
លោក យុន លីនណេ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការលើកកម្ពស់គុណភាព ស្ដង់ដារ និងការច្នៃប្រឌិតលើការវេចខ្ចប់ គឺជាកត្តាសំខាន់បំផុត អាចជួយឱ្យផលិតផលក្នុងស្រុក អាចឈរជើងបានយ៉ាងរឹងមាំ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន ស្របពេលដែលការប្រកួតប្រជែង នៅលើទីផ្សារបច្ចុប្បន្ន មានលក្ខណៈកាន់តែខ្លាំងក្លា និងស្មុគស្មាញ ដែលទាមទារឱ្យអាជីវករ និងម្ចាស់ផលិតផលត្រូវតែមានការអភិវឌ្ឍខ្លួនឥតឈប់ឈរ។
លោកបានបង្ហាញបន្ថែមថា កត្តាចម្បងៗដើម្បីពង្រឹងភាពប្រកួតប្រជែងគ្រប់ផលិតផលទាំងអស់ ត្រូវតែធានាបាននូវគុណភាពស្របតាមស្តង់ដារទីផ្សារ គឺជាមូលដ្ឋានគ្រឹះក្នុងការសាងជំនឿទុកចិត្ត។ ការរៀបចំសោភ័ណភាព និងការវេចខ្ចប់ឱ្យបានទាក់ទាញ គឺដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផល ជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រីកវិសាលភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស។
លោកក៏បានបញ្ជាក់ថា ខេត្តក៏កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញ និងពង្រីកទីផ្សារសម្រាប់ “ផលិតផលភូមិ១ ផលិតផល១” ក៏ដូចជាផលិតផលថ្មីៗសក្ដានុពលដទៃទៀត ដើម្បីកសាងទំនុកចិត្តឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពីសំណាក់អ្នកប្រើប្រាស់។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជាឱកាសសម្រាប់បងប្អូនជាអ្នកផលិត និងកែច្នៃផលិតផលទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ពីអ្នកជំនាញដែលមានបទពិសោធន៍ ក្នុងការចុះបញ្ជីនិងការពង្រីកទីផ្សារ តាមរយៈការកសាងម៉ាកផលិតផលរបស់ខ្លួនផងដែរ។
ជាមួយគ្នានេះ លោកវ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ រៀបចំឡើងដើម្បីផ្ដល់ចំណេះដឹង និងការយល់ដឹងអំពីនីតិវិធីសាមញ្ញកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម និងលើកកម្ពស់ការយល់ដឹងអំពីគន្លឹះ យុទ្ធសាស្ត្រ និងសារៈសំខាន់នៃការកសាង និងថែរក្សាកេរ្តិ៍ឈ្មោះម៉ាក់ឱ្យបានរឹងមាំអាចប្រកួតប្រជែងក្នុងទីផ្សារបាន។
លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាការធ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មសកល។
លោកបានសង្កត់ធ្ងន់ថា “លទ្ធផលវិជ្ជមានទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃការដឹកនាំប្រកបដោយចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១”។ លោកបន្ថែមថា “យុទ្ធសាស្រ្តនេះ បានកំណត់ការអភិវឌ្ឍវិស័យឯកជន ការទាក់ទាញវិនិយោគ ការធ្វើទំនើបកម្មស្ថាប័ន និងការកែលម្អបរិយាកាសធុរកិច្ច ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕








