ដោយៈ ចំណាន
ភ្នំពេញៈ កាលពីសប្តាហ៍មុន រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចេញកញ្ចប់ថវិកា១២៤៤លានដុល្លារ សម្រាប់លើកកំពស់ធុរកិច្ចនៅឆ្នាំ២០២៦នេះ។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”។
វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”ធ្វើឡើងក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រ ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច” ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
វេទិកាខាងលើនេះ ក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកថា វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទាន សម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់ លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងភាពបត់បែនដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ ឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។
លោកបញ្ជាក់ថា “ការរៀបចំនូវវេទិកាថ្នាក់ជាតិនេះឡើង ក៏ជាកាតាលីករដ៏ចាំបាច់មួយ ក្នុងការបង្កើតនូវអេកូប្រព័ន្ធហិរញ្ញវត្ថុ(Financial Ecosystem) មួយប្រកបដោយបរិយាបន្ន តាមរយៈការតភ្ជាប់ដោយផ្ទាល់រវាងធុរកិច្ច ជាមួយនឹងយន្តការគាំទ្រសំខាន់ៗរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះវេទិកានេះ ក៏ដើរតួជាថ្នាលសន្ទនាបើកចំហ ក្នុងការប្រមូលធាតុចូល និងអនុសាសន៍កែលម្អនានា សំដៅពង្រឹងសហថាមពលរវាងរដ្ឋ និងវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក៏ដូចជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្ត ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន សមាគម ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងឡាយ បន្តសកម្មភាពចូលរួមជាមួយស្ថាប័នទាំង៨ខាងលើក្នុងការអនុវត្ត និងការផ្សព្វផ្សាយយន្តការផ្តល់ហិរញ្ញប្បទានធុរកិច្ចឲ្យបានកាន់តែទូលំទូលាយផងដែរ៕










