ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
កិច្ចប្រជុំនេះដឹកនាំដោយលោកប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោក ABE Keisuke លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្ត គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួម ពីក្រុមការងារបច្ចេកទេសវិទ្យាស្ថាន មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនទីប្រឹក្សាជប៉ុនផងដែរ។
ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលផ្តោតលើការផ្គត់ផ្គង់សម្ភារៈ និងឧបករណ៍សម្រាប់បម្រើដល់ការសិក្សា និងការបណ្តុះបណ្តាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាព បន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយក្រុមការងារបច្ចេកទេសវិទ្យាស្ថាន និងក្រុមជំនាញការទីប្រឹក្សាជប៉ុន នឹងរួមគ្នាពិនិត្យ និងកំណត់សម្ភារៈ និងឧបករណ៍ដែលមានអាទិភាព និងភាពចាំបាច់សម្រាប់ប្រើប្រាស់នៅវិទ្យាស្ថាន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីអាទិភាព ក្នុងការរៀបចំនីតិវិធីបន្ត ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីរបស់ភាគីជាម្ចាស់ជំនួយ៕










