ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានវេទិកាទីផ្សារហិរញ្ញវត្ថុសកល២០២៦ NBC-Global Financial Market Forum 2026.។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មកាសម្របសម្រួលផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកមួយចំនួន បានអញ្ជើញចូលរួមក្នុង “វេទិកាទីផ្សារហិរញ្ញវត្ថុសកល ២០២៦” (NBC Global Financial Market Forum 2026) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។
វេទិកានេះត្រូវបានរៀបចំឡើងជាលើកទី២ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ “ការរុករកភាពចលាចលក្នុងទីផ្សារ៖ ការកំណត់តម្លៃហានិភ័យឡើងវិញ និងការចាប់យកឱកាស” (Navigating Market Turbulence: Repricing Risk & Capturing Opportunity) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវិភាគស៊ីជម្រៅលើស្ថានភាពទីផ្សារហិរញ្ញវត្ថុសកល ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចពីជម្លោះពាណិជ្ជកម្ម និងការស្វែងរកយុទ្ធសាស្ត្រហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពធន់ផ្នែកអាជីវកម្ម។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញការ និងតំណាងស្ថាប័នគ្រប់គ្រងទ្រព្យសកម្ម និងធនាគារវិនិយោគឈានមុខគេមកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក រួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារកណ្តាល និងតំណាងផ្នែកឯកជនមកពីគ្រឹះស្ថានហិរញ្ញវត្ថុ សមាគមធនាគារ និងមានការចូលរួមពីតំណាងផ្នែកឯកជន ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាយ៉ាងច្រើនកុះករ៕










