កម្ពុជា​ វៀតណាម​បើក​កិច្ច​ប្រជុំ​លើការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​នៅ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺនជ័យ

ដោយៈ គង់ សូរិយា

    ព្រៃវែងៈ ក្រុមមន្រ្តីកម្ពុជា វៀតណាមបានបើកកិច្ចប្រជុំទ្វេភាគី ស្ដីពីការផ្លាស់ប្ដូរយោបល់ លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោក រវាងកម្ពុជា និងវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា)-តឹនណាម (ខេត្តតៃនិញ វៀតណាម)។

ភាគីកម្ពុជាដឹកនាំដោយលោកប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាន នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) – តឹនណាម (វៀតណាម) បានពេញលេញ ស្របតាម​បទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដោយមានការចូលរួមពីតំណាងក្រសួង- ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាស នៃការយោគយល់គ្នា ស្មារតីមិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីទាំងពីរបានឯកភាព លើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។

ការអនុវត្តនេះ នឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង នៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូ​នតាមផ្លូវគោក រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here