ក្រសួងពីរ​សហការគ្នា​ដើម្បី​លើក​កម្ពស់​ការ​គ្រប់គ្រងហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​ ឱ្យ​កាន់​តែ​មាន​តម្លាភាព​ គណនេយ្យភាព ​និង​ប្រសិទ្ធ​ភាព

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងមហាផ្ទៃ បញ្ជ្រាបការយល់ដឹង ស្តីពីការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង” ដើម្បីលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍ និង ការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែប្រសើរឡើង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីដែលកំពុងប្រើប្រាស់ FMIS នៅរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលត្រូវដាក់ឱ្យប្រើប្រាស់ FMIS នៅពេលខាងមុខ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ មានសារៈសំខាន់ក្នុងការជំរុញ អ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់FMIS ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និង គ្រប់គ្រងការអនុវត្តថវិកាបានកាន់តែសុក្រឹត្យ ទាន់ពេលវេលា មានតម្លាភាព គណ​នេយ្យភាព ប្រកបដោយប្រសិទ្ធភាព និង ពង្រឹងបាននូវអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។ នេះជាប្រសាសន៍ដែលបានលើកឡើងដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS ក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់មុខងារ រៀបចំផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយចរន្តតាមFMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង សម្រាប់រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធនាពេលនេះរួមមាន ទី១- ការអភិវឌ្ឍរាជធានី-ខេត្តចាប់ផ្ដើមពីការងាររដ្ឋបាលមានវិន័យ ហើយ FMIS ជាឧបករណ៍ដ៏សំខាន់មួយក្នុងការរួមចំណែកធ្វើឱ្យការងារនេះសម្រេចបាន នៅពេលនោះប្រជាពលរដ្ឋនឹងកាន់តែមានជំនឿទុកចិត្តមកលើរដ្ឋបាលរាជធានី-ខេត្ត ព្រោះនៅពេលអនុវត្តថវិកាបានត្រឹមត្រូវចំគោលដៅ នោះជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើងជាលំដាប់ ដោយសារគុណភាព នៃសេវាសាធារណៈបានកាន់តែប្រសើរឡើង រីឯការវិនិយោគ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន បានកាន់តែចំគោលដៅ

ទី២- ការផ្លាស់ប្តូរផ្នត់គំនិត និង ទម្លាប់នៃការអនុវត្តការងារបែបបុរាណ មកជាការបង្កើន និងពង្រឹងភាពជាម្ចាស់ប្រព័ន្ធ តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេ របស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញថ្នាក់ក្រោមជាតិ ដែលនេះសបញ្ជាក់ថា ជាការចូលរួមចំណែកនៃការផ្លាស់ប្តូរបែបបទការងារ (ប្រពៃណី) មកជាបែបបទទំនើបកម្ម ដើម្បីធានាថា គោលដៅចុងក្រោយពិត អាចឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនឹងឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចល្អ និង គាំទ្រដល់សេវាសាធារណៈ ជូនប្រជាជនមូលដ្ឋាន យ៉ាងរហ័ស។

ទី៣- ការអនុវត្តនីតិវិធីតាមFMIS ទាំងស្រុង ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅដើមឆ្នាំ២០២៧ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត គឺសំដៅដល់ប្រតិបត្តិការហិរញ្ញវត្ថុពេលលេញ គ្រប់ជ្រុងជ្រោយ ពោលគឺការកាត់បន្ថយកិច្ចការជាក្រដាសស្នាម (ក្រៅប្រព័ន្ធ) ដែលមានលក្ខណៈស្ទួនគ្នា និងគ្មានតម្លៃបន្ថែម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការកែទម្រង់រដ្ឋបាលសាធារណៈផង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងការកែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផង។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា FMIS មានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ពុំមែនផ្ដោតតែទៅលើការកត់ត្រា ព័ត៌មានតែប៉ុណ្ណោះនោះទេ ប៉ុន្តែជាប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តោតលើលទ្ធផល និងសមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ហើយក៏ជាប្រព័ន្ធគ្រប់គ្រង និងអនុវត្តថវិកាដ៏មានប្រសិទ្ធភាព ដែលអាចតាមដានប្រតិបត្តិការហិរញ្ញវត្ថុ ចាប់ពីការរៀបចំគ្រោងផែនការថវិកា រហូតដល់ការទូទាត់ចំណាយថវិកាទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here