ថ្នាក់ដឹកនាំ​ NBC, IFC ​និង World Bank ពិភាក្សា​ពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោក Dennis McLaughlin អនុប្រធានធនាគារពិភពលោក និងជាប្រធានគ្រប់គ្រងហានិភ័យ ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីតួនាទី និងការរួមចំណែករបស់ IFC ក្នុងការគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាំងពីដំណាក់កាលដំបូង នាដើមទសវត្សរ៍ឆ្នាំ១៩៩០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវក៏បានជម្រាបជូន ពីវឌ្ឍនភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលបានរួមចំណែកពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។

ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា “កម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ”។ លោកជំទាវបន្តថា “ច្បាប់នេះបានរួមចំណែកធ្វើឱ្យវិស័យនេះដំណើរការក្នុងក្របខ័ណ្ឌផ្លូវការ និងអភិវឌ្ឍប្រកបដោយចីរភាពរហូតមកដល់បច្ចុប្បន្ន ដែលមានប្រទេសជាច្រើនបានមកសិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍”។

លោកជំទាវក៏បានរំលេចពីតួនាទី របស់ប្រព័ន្ធចែករំលែកឥណទាន ដែលបានរួមចំណែកគ្រប់គ្រងហានិភ័យឥណទាន ដោយមានក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ជាប្រតិបត្តិករ ហើយការបង្កើតស្ថាប័ននេះក៏ទទួលបានការគាំទ្រពីIFCផងដែរ។

ទោះជាយ៉ាងណា លោកជំទាវក៏បានរំលេចពីកត្តាប្រឈមរបស់វិស័យនេះ ដែលបណ្តាលមកពីកម្រិតចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន ធ្វើឱ្យប្រជាពលរដ្ឋជ្រើសរើស ប្រើប្រាស់កម្ចីក្រៅប្រព័ន្ធ ទោះបីជាមានអត្រាការប្រាក់ខ្ពស់។

ក្នុងឱកាសនេះដែរ លោក Dennis McLaughlin បានបញ្ជាក់ពីការបន្តគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានជម្រាបជូនថា បេសកកម្មលើកនេះ មានគោលបំណងពិភាក្សា ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ IFC នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នាពេលខាងមុខ និងស្វែងរកយន្តដោះស្រាយបញ្ហា ដែលបានលើកឡើងក្នុងរបាយការណ៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលធនាគារពិភពលោក។

បន្ថែមលើនេះ លោកក៏បានលើកសរសើរដល់ធនាគារជាតិ នៃកម្ពុជាក្នុងការបំពេញតួនាទីរបស់ខ្លួន ជាអាណាព្យាបាលនៃវិស័យនេះ តាមរយៈការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ និងយន្តការការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ ដែលមានលក្ខណៈបុរេសកម្មខ្ពស់។

លោកជំទាវទេសាភិបាល និងលោកអនុប្រធាន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងពិនិត្យលទ្ធភាពរៀបចំវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការអភិវឌ្ឍវិស័យនេះ ដែលកម្ពុជាមានសេចក្តីរីករាយនឹងទទួលធ្វើជាម្ចាស់ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here