ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សន្និសីទផលិតផលស្បែកជើងអន្តរជាតិ លើកទី៤៣ (IFC)”និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា ក្នុងឱកាសដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ព្រមទាំងការបន្តអភិវឌ្ឍន៍ វិស័យឧស្សាហកម្មស្បែកជើងសកលរួមគ្នាប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ការពង្រីកការចូលទៅកាន់ទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក៕







