ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង។
លោកបានថ្លែងបែបនេះ ក្នុងពីធីបើកសិក្ខាសាលពិគ្រោះយោបល់ជាន់ខ្ពស់ជាមួយវិស័យឯកជនកាលពីថ្ងៃទី៩ កក្កដាកន្លងមកនេះ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំឮកដល់កិច្ចប្រជុំយុទ្ធសាស្ត្រនាពេលថ្មីៗកន្លងទៅ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្តោតការពិភាក្សា លើការធ្វើឱ្យកាន់តែប្រសើរឡើងនូវ ការដឹកជញ្ជូននាំចេញ-នាំចូល និងប្រព័ន្ធភស្តុភារកម្មជាតិ។
បន្ថែមលើនេះ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ កម្ពុជាបាននិងកំពុងជម្រុញរបៀបវារៈ សំខាន់ៗរួមមាន ទី១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០)ទី២. ការរៀបចំអភិវឌ្ឍប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង៣. វឌ្ឍនភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” រៀបចំតាក់តែងឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រឹងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅទីស្តីការ ក.អ.ក. នាពេលឆាប់ៗខាងមុខ រួមមាន៖១. កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ២. កិច្ចប្រជុំកំពូលប្រទេសដែលនិយាយភាសាបារាំង (The Francophonie Summit) និងព្រឹត្តិការណ៍ធុរកិច្ចអមនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង៣. ការផ្សាយផ្ទាល់ (Live Broadcasting) ជាសកលរបស់ស្ថាប័នព័ត៌មាន សេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ចេញពីទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង នៅចុងខែកក្កដានេះ។
ក្នុងការត្រៀមលក្ខណៈ ដើម្បីឈានទៅសម្រេចបាននូវការកែទម្រង់កាន់តែស៊ីជម្រៅ សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ខាងមុខ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈតម្រង់ទិសដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ថា៖ រាជរដ្ឋាភិបាលតែងតែនៅទីនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមនានា ដោយតម្លាភាពជាមួយវិស័យឯកជន ហេតុនេះ យើងទាំងអស់គ្នាទាំងរដ្ឋ និងឯកជនត្រូវតែមានភាពបុរេសកម្ម មិនមែនរង់ចាំឱ្យមានបញ្ហាកើតឡើង ទើបមកដោះស្រាយ ឬមានប្រតិកម្មតាមក្រោយនោះទេ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំ ជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នាពួតដៃកសាងគ្រឹះ សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០” ជាប្រទេសមានចំណូលខ្ពស់៕









