ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកObaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូត នៃអេមីរ៉ាតអារ៉ាប់រួម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជានៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) និងបានស្នើឱ្យភាគីទាំងពីរ ពិភាក្សាលើលទ្ធភាពរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះ (Joint Committee) នាពេលវេលាសមស្របខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សា និងប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការចរចាបញ្ចប់សេចក្តីព្រាងអនុស្សរណៈស្តីពី ការបង្កើតក្រុមប្រឹក្សាធុរកិច្ចចម្រុះ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សេចក្តីព្រាងអនុស្សរណៈស្តីពី ការលើកកម្ពស់កាលានុវត្តភាពវិនិយោគនិងធុរកិច្ច និងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងភាគីទាំងពីរ៕









