ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បាន ជួបជុំសំណេះសំណាល ជាមួយសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍នៅទូទាំងប្រទេស។
លោកថ្លែងក្នុងពិធីនោះថា “ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ច បានទៅដល់ប្រជាសហគមន៍មូលដ្ឋាន ដោយផ្ទាល់ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ព្រមទាំងរួមចំណែកទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងការទន្ទ្រានធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ផ្លាស់ប្តូរទស្សនវិស័យ ព្រមទាំងដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយជាក់ស្តែង សំដៅបន្តពង្រឹងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ឱ្យធ្វើដំណើរមកកាន់សហគមន៍ដោយផ្ទាល់ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ជូនប្រជាសហគមន៍នៅមូលដ្ឋាន តាមរយៈ ការធានាឱ្យមានការចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយ សមធម៌ តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ស្របតាម គោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ថ្លែងក្នុងឱកាសនេះ លោកហួត ហាក់បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.អ. ជាពិសេសការចូលរួមយ៉ាងសកម្មពីសំណាក់ អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលជានិច្ចកាលតែងតែឈរនៅក្បែរ ផ្តល់ការគាំទ្រទាំងស្មារតី បច្ចេកទេស និងធនធាន ដើម្បីរួមចំណែកលើកស្ទួយជីវភាព និងជំរុញភាពអង់អាចដល់សហគមន៍ទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានដាក់ចេញអនុសាសន៍ និងទិសដៅប្រតិបត្តិសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ចីរភាព និងប្រកបដោយបរិយាបន្ន។ ទី១). សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.អ. ត្រូវផែនការសកម្មភាពជាក់លាក់ ព្រមទាំងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។ ទី២). សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវយកចំណេះដឹង និងបទពិសោធដែលទទួលបានពីអង្គសិក្ខាសាលាទៅអនុវត្តឱ្យស្របតាមបរិបទ និងសក្តានុពលរបស់មូលដ្ឋាននីមួយៗ។
ទន្ទឹមនឹងនេះ សហគមន៍ត្រូវរៀបចំផែនការ អភិវឌ្ឍន៍ច្បាស់លាស់ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស បន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសហគមន៍នានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍។
ទី៣). សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តគាំទ្រសហគមន៍ទេសចរណ៍ ដោយធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើសមាហរណកម្មគម្រោងអភិវឌ្ឍន៍សហគមន៍ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលមូលដ្ឋាន។ ទី៤). ចំពោះវិស័យឯកជន ត្រូវបន្តចូលរួមជាដៃគូវិនិយោគយុទ្ធសាស្ត្រ ដោយភ្ជាប់ខ្សែចង្វាក់អាជីវកម្មជាមួយផលិតផលសហគមន៍ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការផ្ទេរជំនាញ និងការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍។
ទី៥).សម្រាប់ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិសូមបន្តបង្វែរធនធានហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសឱ្យចំគោលដៅ ដើម្បីធ្វើជាកម្លាំងគាំទ្រ ជួយបំពាក់បំប៉នសហគមន៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ អាចរស់បានដោយខ្លួនឯង និងឈរជើងដោយឯករាជ្យបាន ក្រោយពេលគម្រោងនានាត្រូវបានបិទបញ្ចប់។ទី៦). សម្រាប់បណ្តាញសារព័ត៌មាន Influencers KoLs សូមចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ និងកាន់តែផុសផុល។ ទី៧). សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកម្សាន្ត នៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យបានច្រើនកុះករ ជាពិសេសនៅក្នុងអំឡុងពេលរដូវកាលបៃតង ដើម្បីជួយដល់សេដ្ឋកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់៕









