ដោយៈ ចំណាន
ភ្នំពេញៈ លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានចួលរូមក្នុងសិក្ខាសាលាថ្នាក់តំបន់ និងសាខា ស្ដីពី “ការពង្រឹងអភិបាលកិច្ច និងឧត្ដមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព”។
កម្មវិធីនេះ រៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំតំបន់ និងសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៨០រូប ដែលមកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
នាឱកាសនោះផងដែរ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ “ក្របខ័ណ្ឌកិច្ចការពារអតិថិជន និងអភិបាលកិច្ច” និង “ចំណាត់ថ្នាក់ឥណទានតាមវិស័យ ស្ថាប័ន និងសកម្មភាពសេដ្ឋកិច្ច សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ” ដើម្បីចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងគោលការណ៍អភិបាលកិច្ចល្អ ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចការពារអតិថិជន ព្រមទាំងការពង្រឹងការចាត់ថ្នាក់ឥណទានតាមវិស័យ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាពដឹកនាំ និងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំតំបន់ និងសាខា ព្រមទាំងបង្កើនចំណេះដឹង និងចែករំលែកបទពិសោធថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ក្រមសីលធម៌វិជ្ជាជីវៈ និងគោលការណ៍អភិបាលកិច្ចល្អ ស្របតាមតម្រូវការរបស់អតិថិជន និងការវិវត្តរបស់វិស័យ៕









