ដោយៈ ម៉ាណា
ភ្នំពេញៈ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន។
ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបពិភាក្សាការងារ។ លោក រស់រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។
លោកបានបញ្ជាក់ថា “នេះជាដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន”។ លោកបន្ថែមថា “ធុរជនដែលអញ្ជើញមកនាថ្ងៃនេះ មកពីវិស័យដូចជាសុខាភិបាល គ្រឿងសម្អាង ពាណិជ្ជកម្ម ភោជនីយដ្ឋាន និងសេវាកម្មថែទាំមនុស្សចាស់។
គណៈប្រតិភូក៏បានសាកសួរស្វែងយល់ បន្ថែមអំពីឱកាសក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម របស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន ដែលដឹកនាំដោយលោក រស់ រាសី។ បណ្ឌិតបានមានប្រសាសន៍ អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន និងការគាំទ្រជាច្រើនរបស់ជប៉ុន តាមរយៈជំនួយផ្សេងៗដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគតិយុត្តជាដើម។
នៅក្នុងនោះផងដែរបណ្ឌិត ក៏បានបញ្ជាក់ថានាពេលបច្ចុប្បន្នក៏មានវត្តមានក្រុមហ៊ុនជប៉ុនជាច្រើន ដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា។ បណ្ឌិតក៏បានលើកយកវិស័យ ដែលមានសក្ដានុពលនៅកម្ពុជាដូចជាវិស័យសុខាភិបាល ពោលដោយសារមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា ការនាំចេញនាំចូលទំនិញ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាចលករមួយ ក្នុងការជំរុញកម្លាំងពលកម្មទៅប្រទេសជប៉ុន។
បណ្ឌិតបានលើកទឹកចិត្តឲ្យធុរជនជប៉ុន វិនិយោគក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗនៅកម្ពុជាផងដែរ ពោលគឺដោយសារកម្លាំងពលកម្មគឺ មានតម្លៃទាបជាងប្រទេសដទៃ ហើយរាល់ការវិនិយោគតែង ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា៕









