ដោយៈ ចំណាន
ភ្នំពេញៈ វិស័យឧស្សាកម្មក្នុងផលិតផលក្នុងស្រុកសរុប ដែលបានកើនឡើងពី២៤,១% ក្នុងឆ្នាំ២០១៣រហូតដល់៤៣,១% នៅឆ្នាំ២០២៥។
ជាមួយគ្នានេះ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មចេញពីការប្រមូលផ្ដុំកត្តាផលិតកម្ម ក្នុងវិស័យកម្មន្តសាលវាយន ភណ្ឌជាបណ្តើរៗ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាស លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥។
កិច្ចប្រជុំនេះដឹកនាំដោយ លោកអ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំ ការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស)។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ សំណាក់ក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុន ឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
វិស័យឧស្សាហកម្មបានប្រែក្លាយ ជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នូវការរួមចំណែករបស់ វិស័យឧស្សាកម្មក្នុងផលិតផលក្នុងស្រុកសរុប ដែលបានកើនឡើងពី២៤,១% ក្នុងឆ្នាំ២០១៣រហូតដល់៤៣,១% នៅឆ្នាំ២០២៥។ជាមួយគ្នានេះ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មចេញពីការប្រមូលផ្ដុំកត្តាផលិតកម្ម ក្នុងវិស័យកម្មន្តសាលវាយន ភណ្ឌជាបណ្តើរៗ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវ ការនាំចេញផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរពី១% ក្នុងឆ្នាំ២០១៣ ដល់ ១៥,២៣% ក្នុងឆ្នាំ២០២៥ ។
ការដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០២៦-២០៣៥” គឺមានភាពចាំបាច់ និងបន្ទាន់ដើម្បីគោលដៅមួយចំនួនដូចជា ទី១. ពង្រឹង និងធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយកំណត់វិស័យឧស្សាហកម្មអាទិភាព ដែលជាប្រភពនៃកំណើន។
ទី២. លើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើមូលដ្ឋានូបនីយកម្ម និងការពង្រឹងការតភ្ជាប់រវាងក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស (FDI) និងសហគ្រាសក្នុងស្រុក។ ទី៣. ជំរុញការចាប់យកបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្ដូរទៅកាន់ថាមពលបៃតង ដើម្បីធានាចីរភាព និងស័ក្ដិសិទ្ធភាពនៃមូលដ្ឋាន ឧស្សាហកម្ម និង ទី៤. ពង្រឹងយន្តការស្ថាប័នក្នុងការជំរុញ, សម្របសម្រួល, តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ ដើម្បីធានាឱ្យបាន នូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព៕










