ដោយៈ នារតី
កំពង់ធំៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធបាន ចុះទស្សនកិច្ចសិក្សា និងពិនិត្យខ្សែច្រវាក់ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពល និងខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី។
ការចុះទស្សនកិច្ចនេះ ក្នុងន័យលើកកម្ពស់ការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះ គណៈប្រតិភូបានពិនិត្យដំណើរការ ផលិតកម្ម និងសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ដែលជាសហគ្រាសធ្វើពាណិជ្ជកម្ម និងកែច្នៃគ្រាប់ស្វាយចន្ទី មានរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើប និងសមត្ថភាពផលិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារ និងតម្រូវការរបស់ទីផ្សារជាតិ និងអន្តរជាតិ។
ការចុះទស្សនកិច្ចនេះ ជាផ្នែកមួយនៃបេសកកម្មសិក្សាស្តីពី សក្តា “សក្តានុពល និងខ្សែច្រវាក់ផលិតកម្ម នៃការកែច្នៃគ្រាប់ស្វាយចន្ទី” ដែលរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា និងពង្រឹងសមត្ថភាពនាំចេញប្រកបដោយនិរន្តរភាព៕










