ដោយៈ ម៉ាណា
រតនគិរីៈ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ក្រោមអធិបតីភាព លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកនាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។
កម្មវិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពី លោកស្រី សេង សុម៉ុន អគ្គនាយករងតំណាង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ក្នុងឱកាសនោះ លោកម៉ៅ ថូរ៉ា បានណែនាំអំពីនីតិវិធី នៃការបោះឆ្នោតទៅតាមលំដាប់លំដោយ ដូចជាការពិនិត្យហិបឆ្នោត ការគូសសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ការជ្រើសរើសប្រធានសម្រាប់ការដឹកនាំសភាពពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ នេះ។
ជាលទ្ធផល លោកស្រី មូ ស៊ីវតាន ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ក្រោមការបោះឆ្នោតគាំទ្រ ពីសំណាក់សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តរតនគិរី ដោយទទួលបាន១៣ លើ១៤សំឡេង ស្មើនឹង៩៣ភាគរយ។
ទន្ទឹមនឹងនេះផងដែរ លោកស្រី មូ ស៊ីវតាន បានបេ្ដជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីផ្ទៃក្នុង និងសកម្មភាពការងាររបស់សភាពាណិជ្ជកម្មខេត្តរតនគិរីឱ្យកាន់តែប្រសើរ ក្នុងនាមជាតំណាងឱ្យវិស័យឯកជន នៅក្នុងខេត្ត សំដៅធ្វើយ៉ាងណាសម្របសម្រួល ដល់បងប្អូនអាជីវករ ពាណិជ្ជករ និងកៀរគរវិនិយោគិនមកកាន់ខេត្តរតនគិរីបន្ថែមផងដែរ៕










