ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្តីពីជលផល។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឧកញ៉ា បណ្ឌិត ណាង សុធី ប្រធានគណ:កម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ថ្លែងទៅកាន់អង្គពិធី លោកឌិត ទីណា បានមានប្រសាសន៍ថា ក្រសួងកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព ផ្អែកលេីការអនុវត្តច្បាប់ជាចំបង ដែលបាននាំឱ្យផលនេសាទមានការកេីនឡេីងគួរឱ្យកត់សម្គាល់។
លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សហគមន៍នេសាទ និងការចូលរួមរបស់មហាជន ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលជាការរួមចំណែកដ៏សំខាន់នៃការកើនឡើងនេះ។
លោកបានគូសបញ្ជាក់ អំពីសមិទ្ធផលក្នុងការការពារ ការអភិរក្ស និងគ្រប់គ្រងធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះនេះ យើងមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ ដោយសារបទល្មេីសនេសាទឡេីយ ក៏ដូចការវិលត្រឡាប់នៃសត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច មកដែនសមុទ្រនៃប្រទេសកម្ពុជាផងដែរ។
លោកឌិត ទីណាបានបន្ថែមថា ការអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផលនេះ ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាច្បាស់លាស់ លើការវិវត្តន៍នៃផលស្តុកជលផល គឺនឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងធនធានធម្មជាតិ។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គពិធីចូល រួមផ្សព្វផ្សាយច្បាប់ស្តីពីជលផល សំដៅលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋ ឱ្យគោរពច្បាប់ទាំងអស់គ្នា ដើម្បីធនធានជលផលកម្ពុជា៕









