មន្រ្តី​ជាន់​ខ្ពស់​ចូល​រួម “វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ស្តី​ពី​តំបន់​អាស៊ី​អាគ្នេយ៍​លើក​ទី​៤​”

ដោយៈ ចំណាន

    ភ្នំពេញៈ លោកឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចអន្តរជាតិស្តីពីតំបន់អាស៊ីអាគ្នេយ៍ លើកទី៤ (The 4th International Economic Forum on Southeast Asia)”ដែលរៀបចំឡើងដោយព្រឹទ្ធសភាបារាំង ព្រមទាំងបានអញ្ជើញធ្វើទស្សនកិច្ច នៅព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា VivaTech ។

​វេទិកានេះធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិន និងធុរជនបារាំង ឱ្យមកពិនិត្យលទ្ធភាពចាប់យកកាលានុវត្តភាពធុរកិច្ចនៅលើទីផ្សារកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថារំលេចនូវសមិទ្ធិផលរបស់កម្ពុជា រួមមាន ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០៥០របស់កម្ពុជា។ ការធ្វើឱ្យកាន់តែប្រសើរឡើងនៃបរិយាកាសធុរកិច្ច និងវិនិយោគ ការទទួលបានច្រកទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា យន្តការសម្រួ​លពាណិជ្ជកម្ម និងការលើកទឹកចិត្តវិនិយោគ ប្រកបដោយភាពទាក់ទាញ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវិស័យយុទ្ធសាស្ត្រសក្តានុពលជាច្រើន ដែលជាឱកាសសម្រាប់វិនិយោគិនបារាំង រួមមាន៖ ឧស្សាហកម្មកម្មន្តសាលបង្កើនតម្លៃបន្ថែម សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ការនាំចេញ, សម្ភារៈសំណង់, ថាមពលកកើតឡើងវិញ និងបៃតង, ការកែច្នៃកសិផល, ភ័ស្តុភារកម្ម, បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងវិស័យសុខាភិបាល។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គវេទិកាអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ (20th Francophonie Summit និង) ព្រឹត្តិការណ៍អមនានា រួមទាំងការសហការរៀបចំ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងបានស្នើដល់ស្ថាប័នដៃគូពាក់ព័ន្ធរបស់បារាំង ជួយបន្តផ្សព្វផ្សាយ និងជំរុញវត្តមានចូលរួមពីបណ្តាសហគមន៍ធុរជន និងវិនិយោគិនបារាំង ព្រមទាំងបណ្តាប្រទេសនិយាយភាសាបារាំង ឱ្យបានផុសផុលបំផុត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងភាពទាក់ទាញផ្នែកសេដ្ឋកិច្ច រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបន្តពង្រឹង វិវឌ្ឍ និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ឱ្យកាន់តែមានផ្លែផ្កា និងស៊ីជម្រៅទ្វេឡើងសម្រាប់ប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here