ដោយៈ និស្ស័យ
ភ្នំពេញៈ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិភាក្សាលើការសិក្សាវាយតម្លៃអំពី “ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៣-២០២៥”។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក អៀង សុភ័ក្ត្រ នាយករង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោកប្រធាននាយកដ្ឋាន លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលខេត្តនិងមន្ទីរជំនាញសរុបចំនួន៣០នាក់ ។
ការវាយតម្លៃប្រសិទ្ធភាព នៃការបណ្តុះបណ្តាលនៅពេលនេះ មានគោលបំណងប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់ជាធាតុចូល ដើម្បី “វាស់វែងលទ្ធផលសម្រេចបាន ក្រោយការបញ្ចប់វគ្គសិក្សា វាស់វែងពីការកើនឡើងនៃកម្រិតចំណេះដឹង ជំនាញ និងឥរិយាបថការងាររបស់សិក្ខាកាម ធៀបនឹងគោលដៅគ្រោងទុក និង កម្រិតមូលដ្ឋានមុនវគ្គសិក្សាចាប់ផ្តើម និងវាស់វែងអំពីកម្មវិបាក (Impact) នៃការប្រើចំណេះដឹងនិងជំនាញពីវគ្គសិក្សា នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥ ទៅក្នុងការដ្ឋានការងារ របស់ក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាមូលដ្ឋានដើម្បីកែលម្អ និង អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត៕









