ដោយៈ ម៉ាណា
រុស្ស៊ីៈ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៩ (the 29th SPIEF)។
វេទិកានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការសន្ទនាជាក់ស្តែង៖ ផ្លូវឆ្ពោះទៅរកអនាគតដ៏ស្ថិរភាព”។
គោលបំណងនៃវេទិកានេះ គឺដើម្បីជួយសម្រួលដល់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ លើបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ការលើកកម្ពស់ឱកាសវិនិយោគ និងធុរៈកិច្ច និងពង្រឹងភាពជាដៃគូរអន្តរជាតិ តាមរយៈកិច្ចពិភាក្សាអំពីនិន្នាការសេដ្ឋកិច្ច ជំរុញការវិនិយោគ និងធុរៈកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ បណ្តាញទំនាក់ទំនង គម្រោងវិនិយោគ និងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ព្រមទាំងមានការតាំងពិព័រណ៍បណ្តាក្រុមហ៊ុនក្នុងស្រុកនិងបរទេសជាច្រើនផងដែរ។
ក្នុងពិធីនេះ ក៏មានការចូលរួម ពីមន្ត្រីការបរទេសជាន់ខ្ពស់ប្រមាណ១៣០រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស អគ្គព្រះរាជអាជ្ញា ប្រធានអង្គការ និងសមាគមអន្តរជាតិ ប្រធានបេសកកម្មការទូត ប្រធានទីក្រុង និងតំបន់បរទេស។ ពីខាងរុស្ស៊ី មានការចូលរួមពី៖ មន្ត្រីជាន់ខ្ពស់ចំនួន៤០រូប ប្រធានសេវា និងទីភ្នាក់ងារសហព័ន្ធចំនួន ២៨ រូប និងប្រធានអង្គភាពចំនួន៧៨ រូបនៃសហព័ន្ធរុស្ស៊ី។
អ្នកតំណាងជាង៩២០០នាក់ នៃអាជីវកម្មរុស្ស៊ី និងបរទេសមកពីក្រុមហ៊ុនជាង៤៣០០ក្រុមហ៊ុន ក៏ដូចជា អ្នកចូលរួមប្រមាណជាង ២៤៥០០នាក់ មកពី១៤២ប្រទេស។
គណៈប្រតិភូភាគច្រើនមកពីប្រទេសចិន (ប្រហែល ២០០ នាក់) អារ៉ាប៊ីសាអូឌីត (ជាង ១៨០ នាក់) តង់ហ្សានី (ប្រហែល ១៧០ នាក់) អ៊ូសបេគីស្ថាន (ជាង ១៥០ នាក់) អេមីរ៉ាតអារ៉ាប់រួម (ជាង ១២០ នាក់) កាហ្សាក់ស្ថាន (ជាង ៩០ នាក់)។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំកំពូលៗ ចូលរួមសម័យប្រជុំពេញអង្គ ដូចជា៖ ប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីនៃសាធារណរដ្ឋតង់ហ្សានី និងអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕











