មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សា​ការងារ​តុ​មូល​កម្រិតខ្ពស់​ កម្ពុជា-ជប៉ុន ​ក្រោម​មូលបទ​ “ ឆ្ពោះ​ទៅ​រក​ការវិនិយោគ​ និង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ”​

ដោយៈ ម៉ាណា

    ជប៉ុនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់ កម្ពុជា-ជប៉ុន ក្រោមមូលបទ “ឆ្ពោះទៅរកការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្រ”។

កិច្ចពិភាក្សានេះត្រូវបានសហការរៀបចំដោយ ក.អ.ក. រួមជាមួយ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងក្រុមហ៊ុនជប៉ុនធំៗដែលមានសក្តានុពលខ្ពស់ ចំនួន ១១ ស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សាត្រូវបានរៀបចំឡើង ក្នុងទម្រង់ជាវេទិកាពិភាក្សាជាក់ស្តែង ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ ចំគោ​លដៅ និងទៅវិញទៅមក ដោយផ្អែកលើធាតុចូល និងចំណុចសក្តានុពលគន្លឹះរ បស់ក្រុមហ៊ុនចូលរួមនីមួយៗ រួមមាន (១) ផែនការជាក់ស្តែងក្នុងការចូលមកកាន់ទីផ្សារ និងការបណ្តាក់ទុននៅកម្ពុជា (២) យុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចរយៈពេលវែង។

(៣) ចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអាទិភាព និង (៤) លទ្ធភាពនិងចក្ខុវិស័យ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម ដែលកំពុងមានស្រាប់ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

តាមរយៈ​កិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់នេះ ក្រុមហ៊ុនដែលបានចូលរួមទទួលបានឱកាស ក្នុងការធ្វើបទបង្ហាញសង្ខេបអំពី វិស័យដែលខ្លួនចាប់អារម្មណ៍ សកម្មភាពធុរកិច្ចរំពឹងទុកនាពេលអនាគត ព្រមទាំងបញ្ហាគន្លឹះ ឬការពិចារណានានា ដែលពាក់ព័ន្ធនឹងការវិនិយោគ និងការអនុវត្តគម្រោង។

ជាមួយគ្នានេះ ក.អ.ក. នឹងផ្តល់ជូននូវព័ត៌មានជាក់លាក់ ស្របតាមតម្រូវការរបស់ក្រុមហ៊ុននីមួយៗ ព្រមទាំងការគាំទ្រផ្នែកប្រឹក្សាយោបល់ប្រកបដោយភាពកក់ក្តៅ ដើម្បីសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងធានាដល់ភាពជោគជ័យ ចំពោះការចូលមកកាន់ទីផ្សារ ក៏ដូចជាការពង្រីកទុនវិនិយោគ របស់ក្រុមហ៊ុនជប៉ុនទាំងអស់ នៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពី កិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់នេះ តំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ក៏ទទួលបាននូវឱកាស ជួបគ្នាបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាព ក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here