ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្រ បានជួបអ្នកជំនាញការរបស់អង្គការUNCTAD ដើម្បីពិភាក្សាលទ្ធផលបឋមនៃការសិក្សាវាយតម្លៃលើ អនុលោមភាពគតិយុត្តកម្ពុជាជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកJSI on Ecommerce របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតIan Walden អ្នកជំនាញការរបស់អង្គការ UNCTAD នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចពិភាក្សានេះ ផ្តោតលើការពិនិត្យ និងផ្តល់ធាតុចូលលើលទ្ធផលបឋមនៃការសិក្សាវាយតម្លៃ អនុលោមភាពគតិយុត្តរបស់កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (JSI on E-commerce) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយក្នុងឱកាសនោះ អ្នកជំនាញការបានលើកឡើងអំពីក្របខ័ណ្ឌគតិយុត្តកម្ពុជា ពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិភាគលើកម្រិតសង្គតិភាព ភាពបំពេញឱ្យគ្នាទៅវិញទៅមក និងភាពខុសគ្នានានារវាងធាតុសំខាន់ៗ ក្រោមក្របខ័ណ្ឌគតិយុត្តទាំងនោះរបស់កម្ពុជា ជាមួយនឹងបញ្ញត្តិក្នុងគំនិតផ្តួចផ្តើមនេះ ដើម្បីរៀបចំជាអនុសាសន៍ សម្រាប់កម្ពុជាលើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងកសាងជំហរជាក់លាក់លើសំណើចូលរួមគំនិតផ្តួចផ្តើមនេះ។
ក្នុងឱកាសនោះ លោកសុខ សុភ័ក្រ បានលើកឡើងអំពីការចូលរួមសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ជាមួយអន្តរក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមតាមការចាំបាច់ សំដៅធានាថា លទ្ធផលផ្លូវការនៃការសិក្សា វាយតម្លៃរបស់អ្នកជំនាញការនេះនឹងមានសុក្រឹតភាព ប្រើប្រាស់បាន និងមានគុណភាពជាយុទ្ធសាស្ត្រ សម្រាប់ជាមូលដ្ឋានបន្ថែម ដល់ការសម្រេចចិត្តរបស់កម្ពុជា៕








