ដោយៈ ចំណាន
ហាណូយៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម រៀបចំ “កិច្ចប្រជុំនិងជំនួបពាណិជ្ជកម្មកម្ពុជា-វៀតណាម” ដែលប្រព្រឹត្តទៅក្នុងកំឡុងពេលអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF)នៅទីក្រុងហាណូយ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងតំណាងសហគ្រាសឈានមុខ នៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
ថ្លែងក្នុងឱកាសនៃជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន បានក្លាយជាកាតាលីករដែលជំរុញ
ប្រទេសទាំងពីរ ទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។
ក្នុងនោះវៀតណាម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន។ រដ្ឋាភិបាលប្រទេសទាំងពីបានកំណត់ទិសដៅ ទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់២០ពាន់លានដុល្លារ។ ទិសដៅប្រកបដោយសក្តានុពលខ្ពស់នេះ នឹងអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមគ្នាកសាងសេដ្ឋកិច្ច។
អ្នកឧកញ៉ា ជំរុញនិងស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជួយសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន និងដំឡើងកម្រិតច្រកទ្វារព្រំដែនទាំងអស់ ទៅជាច្រកទ្វារអន្តរជាតិ។
លោក ង្វៀន ក្វាងវីញ (Nguyen Quang Vinh) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងធុរកិច្ចដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញនូវក្តីសង្ឃឹម យ៉ាងមុតមាំលើវិស័យសក្តានុពលជាច្រើន ដែលទាមទារឱ្យមានការជំរុញបន្ថែម។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា ដែលដើរតួជាស្ពានចម្លងដ៏សំខាន់មួយ រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
លើសពីនេះ លោក ង្វៀន ក្វាង វិញ បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗចំនួនបី សម្រាប់កិច្ចសហប្រតិបត្តិការ ទៅថ្ងៃអនាគតរួមមាន៖១) ការលើកកម្ពស់ការតភ្ជាប់ទីផ្សារ សម្រាប់អ្នកប្រើប្រាស់ផលិតផលវៀតណាម ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង ហូតដល់ទៅជាងមួយរយលាននាក់។ ២)ការអភិវឌ្ឍខ្សែច្រវាក់តម្លៃរួមគ្នា និង ៣)ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដោយភាគីទាំងអស់បានពិភាក្សាគ្នាដោយផ្ទាល់ទៅតាមវិស័យសំខាន់ៗ រួមមាន៖- បច្ចេកវិទ្យា និងឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យាសហគ្រាស។
– កសិកម្ម និងភស្តុភារកម្ម៖ ការកែច្នៃកសិផលកម្រិតខ្ពស់ និងភស្តុភារកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
– ផលិតកម្ម និងឧស្សាហកម្ម៖ ការផលិត ឧស្សាហកម្មធុនធ្ងន់ និងសម្ភារៈឧស្សាហកម្ម។
– អចលនទ្រព្យ៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងសំណង់ធំៗ៕







