ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាគ្នាជាមួយសមភាគីលុចហ្សំបួរ ដើម្បីពិភាក្សាលើកិច្ចការអាទិភាពសំខាន់ៗចំនួន៣។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួ ដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពី កម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ។
កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍លុចសំបួ (LuxDev) មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណាងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ៦០នាក់។
គោលបំណងសំខាន់ នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ វិស័យអាទិភាព និងយន្តការភាពជាដៃគូក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣។
កិច្ចពិភាក្សាបានផ្តោតសំខាន់ លើវិស័យអាទិភាពចំនួន៣ រួមមាន វិស័យសុខាភិបាល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រមទាំងអន្តរវិស័យដូចជា យេនឌ័រ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម៕








