ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងពាណិជកម្មបានប្រារពពិធី បើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត”។
កម្មវិធីនេះ ក៏មានការប្រារពពិធីសម្ពោធ គម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebakah BELL តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោកGUY Pessach ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច ផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាត្រូវកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងវិស័យកីឡា ដែលជាវិស័យមួយ ដ៏មានសក្តានុពលខ្ពស់សម្រាប់ពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា ព្រោះថារាល់សម្ភារៈកីឡា សុទ្ធតែបានបង្កប់នូវស្នាដៃរចនាម៉ូតផ្សេងៗពីម្ចាស់ស្នាដៃល្បីៗ ការបង្កើតសម្ភារៈកីឡាដែលធន់ ឬការផលិតនូវឧបករណ៍វាយសី ដែលមានគុណភាពខ្ពស់ ដែលការណ៍ទាំងអស់នេះសុទ្ធតែភ្ជាប់ ជាមួយនឹងប្រកាស-នីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងម៉ាកពាណិជ្ជកម្មជាដើម។
លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ការរួមបញ្ចូលគ្នារវាងកម្មសិទ្ធិបញ្ញានិងកីឡា បានផ្តល់នូវឱកាសដ៏សម្បូរបែបសម្រាប់កម្ពុជា៖ ការអនុញ្ញាតឱ្យមានការច្នៃប្រឌិត លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត ពង្រឹងប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ផ្តល់សិទ្ធិដល់អត្តពលិកនិងបុគ្គល ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួន ក្នុងការចាកចេញពីចំណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕







