មន្រ្តីកម្ពុជាជួបជាមួយថ្នាក់ដឹកនាំWTOពិភាក្សាលើកិច្ចការពាណិជ្ជកម្មបន្ទាប់ពីប្រទេសនេះ ចូលជាសមាជិកស្ថាប័ននេះនៅឆ្នាំ២០០៤

ដោយៈ ចំណាន

    អន្តរជាតិៈ លោកសួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិពាក់ព័ន្ធនឹង វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅប្រទេសស៊្វីស បានជួបប្រជុំជាមួយ លោកស្រី Aissatou Diallo នាយិកាប្រតិបត្តិ នៃក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) នៅWTO ។

ក្នុងឱកាសនោះ លោកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះ លោកស្រីAissatou Diallo ដែលត្រូវបានតែងតាំងជានាយិកាប្រតិបត្តិនៃ EIF និងបានចែករំលែកអំពីទស្សនៈរបស់កម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ក្នុងនាមជាសមាជិក WTO ចាប់តាំងពីឆ្នាំ២០០៤ ដោយលើកឡើងពីការប្រើប្រាស់ជំនួយសម្រាប់ ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា ក្រោមក្របខណ្ឌEIF ចាប់តាំងពីដំណាក់កាលទី១ និងទី២ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានសម្តែងអំពីចំណាប់អារម្មណ៍ចំពោះការអនុវត្តរបស់EIF ដំណាក់កាលទី៣ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់ WTO លើកទី១៤ នៅទីក្រុងយុនដេ ប្រទេសកាមេរូន ព្រមទាំងបានសង្កត់ធ្ងន់លើតម្រូវការបន្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈ​មទាក់ទងនឹងពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ជាការឆ្លើយតប លោកស្រីនាយិកាប្រតិបត្តិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍ និងបានសម្តែងការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់EIFក្នុងការអនុវត្ត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្ម យ៉ាងពេញលេញរបស់កម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដើម្បីជំរុញគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន។

កម្មវិធីEIF គឺជាកម្មវិធីជំនួយពហុភាគី ដែលផ្តោតលើការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមទាំងកម្ពុជា ដើម្បីពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច។ កម្មវិធីនេះជំរុញការអភិវឌ្ឍវិស័យឯកជន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here