កម្ពុជា វៀតណាមរៀបចំកិច្ចសន្ទនាធុរកិច្ចក្នុងគោលដៅពង្រឹង ទំហំពាណិជ្ជកម្ម

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដែលសហការរៀបចំដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម។

កិច្ចសន្ទនានេះរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដោយមានការចូលរួមថ្លែងសុន្ទរកថា ពីសំណា​ក់លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា  អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា លោកហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងឧកញ៉ាឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចកម្ពុជា-វៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានមតិក្នុងកិច្ចសន្ទនានេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីមិត្តបាន និងកំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ លើវិស័យសក្តានុពល ព្រមទាំងអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា សំដៅធានាឱ្យបាននូវផលប្រយោជន៍ជាអតិបរមា និងផ្តល់នូវភាពកក់ក្តៅជូនដល់វិនិយោគិន។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់អំពីបច្ចុប្បន្នភាព នៃបរិយា​កាសវិនិយោគជារួមនៅកម្ពុជា ការប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហនិងសេរីដោយមិនមានការរើសអើង សក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ការបើកទូលាយនៃទីផ្សារនាំចេញ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

លោកបានលើកឡើង ពីវិស័យសក្តានុពលមួយចំនួនដូចជា ការកែច្នៃជ័រកៅស៊ូ ការកែច្នៃស្វាយចន្ទី ការកែច្នៃដំឡូងមី ការកែច្នៃស្រូវ។ល។ ដែលវិនិយោគិនវៀតណាម អាចពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here