ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់។
លោកជំទាវបានថ្លែងបែបនេះ នាឱកាសដែល លោកជំទាវ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាធុរកិច្ចស្តីពី “កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច–Cambodia: Business Outlook 2026 and Unlocking Opportunities” ដែលរៀបចំឡើងដោយ សហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Aquarii BD Cambodia និងមានការចូលរួមពីធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូប ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ។
លោកជំទាវបានបញ្ជាក់ថា “កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបន្តអនុវត្តន៍ គោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច”។

កិច្ចប្រជុំបានពិភាក្សាលើវិស័យអាទិភាព រួមមាន៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ជាដើម។
លោកជំទាវរដ្ឋមន្ត្រីបន្តថា សិក្ខាសាលានេះ បានរួមចំណែកក្នុងការបន្តជំរុញការទូតពាណិជ្ជកម្ម ការភ្ជាប់បណ្តាញធុរកិច្ច ការលើកកម្ពស់ការនាំចេញ ការពង្រីកទីផ្សារអន្តរជាតិ និងការទាក់ទាញវិនិយោគថ្មីៗមកកម្ពុជា ជាពិសេសបានបង្កើតឱកាសសំខាន់ សម្រាប់ធុរជនកម្ពុជា ក្នុងការបង្ហាញសមត្ថភាពផលិតកម្ម ស្វែងរកដៃគូថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកការចូលដល់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ ផងដែរ។
លើសពីនេះ វេទិកានេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង ភាពជាដៃគូអាជីវកម្មរយៈពេលវែង បង្កើនតម្លៃបន្ថែមផលិតផលកម្ពុជា និងជំរុញសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកស្វែងយល់បន្ថែមពីកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការបង្កើតភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យបំពេញឱ្យគ្នាទៅវិញទៅមក៕









