មន្រ្តីជាន់ខ្ពស់និងប្រតិភូជប៉ុនពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ

ដោយៈ ចំណាន

    ភ្នំពេញៈ  លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសមាគមជប៉ុន- កម្ពុជា (JCA) ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃ ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team) ជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួល និងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកបានលើកឡើងអំពីបច្ចុប្បន្នភាព នៃគម្រោ​ងពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុ​ន(JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការលើកកម្ព​ស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

ជាមួយគ្នានោះ គណៈប្រតិភូជប៉ុន បានជម្រាបជូនអំពីជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើបAEON និងភោជនីយដ្ឋានល្បីៗ ហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសមាគមពិនិត្យ ឱកាសវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀត ដែលមានតម្រូវការទីផ្សារខ្ពស់។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។

ក្នុងគោលដៅបន្តសន្ទុះ នៃការទាក់ទាញវិនិយោគ លោកឧប​នា​យករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន។

លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបលោកឧបនា​យករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

ឧបនាយករដ្ឋមន្ត្រី បានអះអាងសារជាថ្មីនូ វការត្រៀមខ្លួនជាស្រេ​ច​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុន ដើម្បីប្រែក្លាយឱកាសវិនិយោ​គឱ្យទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here