ដោយៈ ម៉ាល័យ
កំពង់ធំៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ។
សិក្ខាលសាលានេះ មានការចូលរួមពីក្រុមការងារអនុវត្តគម្រោង CaWSIP-MAFF ថ្នាក់ជាតិ លោកអនុប្រធានមន្ទីរ ដែលជាប្រធានអនុវត្តគម្រោងថ្នាក់ខេត្ដ មន្រ្ដីកសិកម្មឃុំ និងកសិករដាំដុះដំណាំស្វាយចន្ទីខ្នាតធំ នៃខេត្ដគោលដៅគម្រោងរួមមាន ខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី និងខេត្ដព្រះវិហារ សរុបអ្នកចូលរួមចំនួន៤៥រូប។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីគោលបំណងស្នូលចំនួនបីដូចជា ទី១ ពង្រឹងសមត្ថភាពដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តគោលដៅ មន្ត្រីកសិកម្មឃុំ និងកសិករដាំដុះដំណាំស្វាយចន្ទីខ្នាតធំ អំពីបច្ចេកទេសផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ។
ទី២ អនុវត្តវិធីសាស្ត្រផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត និងទី៣ ចែករំលែកនូវបទពិសោធន៍ល្អៗ លើផលិតកម្មដំណាំស្វាយចន្ទី រវាងអ្នកចូលរួមទាំងអស់។
លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្ដផ្សព្វផ្សាយនូវបច្ចេកទេស ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ជំរុញធ្វើយ៉ាងណាបង្កើនផលិតភាពស្វាយចន្ទី តាមរយៈការដោះស្រាយបញ្ហាបង្កដោយកត្ដាប្រឈមនានា ការតាក់តែងមែក ការសម្អាតស្មៅ និងការប្រើប្រាស់ធាតុចូល កសិកម្មតាមបទដ្ឋានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញ។
គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) តែងតែយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់បច្ចេកទេស ក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាថាការផ្ដល់បច្ចេកទេស តាមរយៈមន្រ្ដីបង្គោល នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់វិសាលភាពគម្រោង៕












