ដោយៈ ចំណាន
កាមេរូនៈ លោកជំទាវចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១៤ ក្រោមមូលបទ “គុណតម្លៃនៃការចូលជាសមាជិកWTO នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី”។
កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន សហការជាមួយលេខាធិការដ្ឋានWTO ដែលជាកម្មវិធីអមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ ដើម្បីផ្តល់នូវវេទិកាមួយសម្រាប់ផ្លាស់ប្តូរទស្សនៈគ្នា អំពីគុណតម្លៃនៃសមាជិកភាពរបស់ WTO និងទាញយកបទពិសោធន៍ តាមដំណាក់កាលនីមួយៗ នៃដំណើរការចូលជាសមាជិក ចាប់តាំងពីដំណើរការចរចា រហូតដល់ការអនុវត្តក្រោយការចូលជាសមាជិកជាដើម។

នៅក្នុងព្រឹត្តិការណ៍នេះ លោកឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងនាម លោកជំទាវរដ្ឋមន្ត្រី ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃវេទិកាតុមូលចិនក្នុងការជួយគាំទ្រ ដល់ការចូលជាសមាជិក របស់ប្រទេសអភិវឌ្ឍន៍តិចតួច និងតួនាទីនៃWTO ក្នុងការជម្រុញប្រទេសអភិវឌ្ឍន៍តិចតួច ចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏បានចែករំលែក នូវទស្សនៈរបស់កម្ពុជា អំពីគុណតម្លៃរបស់WTO ចាប់តាំងពីការចូលជាសមាជិករបស់កម្ពុជាក្នុងឆ្នាំ២០០៤៕








