ដោយៈ ម៉ាណា
សៀមរាបៈ ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃប្រទេសហុងគ្រី ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាប។
លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះ លោកបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការនៃរដ្ឋសភាហុងគ្រី និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
ក្នុងដំណើរបំពេញទស្សនកិច្ច នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែមីនានេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មការងារ មួយចំនួននៅរាជធានីភ្នំពេញ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក លី សារី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន របស់គណៈប្រតិភូ ដែលជាការឆ្លុះបញ្ចាំង ពីទំនាក់ទំនងការទូតដ៏ស្អិតរមួតរវាងកម្ពុជា និងហុងគ្រី ដែលមានអាយុកាលដល់ទៅ៧០ឆ្នាំ។
លោកបញ្ជាក់ថា ហុងគ្រី គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ជាមិត្តដែលតែងតែផ្តល់ការយោគយល់ ជឿជាក់ និងគោរពគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមាសក្នុងការពិនិត្យលើសក្ដានុពលថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យា និងទេសចរណ៍ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោក លី សារី បានបញ្ជាក់ថា វត្តមានរបស់ប្រតិភូជាន់ខ្ពស់នៅខេត្តសៀមរាប ក៏ជាសក្ខីភាពបង្ហាញ ពីសុខសន្តិភាពពេញលេញ និងការបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិ មកសិក្សារៀនសូត្រពីវប្បធម៌ដ៏សម្បូរបែប។
ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប គណៈប្រតិភូគ្រោងនឹងអញ្ជើញទស្សនា ប្រាង្គប្រាសាទបុរាណ ដើម្បីស្វែងយល់ពីអរិយធម៌ខ្មែរដ៏រុងរឿង ការជិះទូកទស្សនាភូមិបណ្តែតទឹក និងតំបន់សត្វស្លាបនៅបឹងទន្លេសាប និងការចូលរួមក្នុងកម្មវិធីដាំដើមឈើ ដើម្បីជានិមិត្តរូបនៃមិត្តភាព និងការអភិរក្សធម្មជាតិ។
លោកបណ្ឌិត ជីយ៉ចជី ស៊ូច បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សរុបរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕








