ក្រសួងផ្តោតលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរបានបើកកិច្ចប្រជុំពិភាក្សា សម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់សេដ្ឋកិច្ចពេលអនាគត។

តំណាងសភាពាណិជ្ជកម្ម មានការអញ្ជើញចូលរូមពីឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មាធិការ ដឹកនាំរៀបចំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់សេដ្ឋកិច្ចពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។

លោករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្ត គម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជា ការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករ ទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យក្លាយជាកម្លាំងពលកម្មជំនាញ ក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៨។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានថែ្លងអំណរគុណ ចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយលោកបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីន ស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជា ខឿនឧហ្សាហកម្មផងដែរ។

តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។

ជារួមគម្រោងនេះ សម្រេចបាននូវសមិទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សមាជិកគណៈកម្មការ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែក ពីបទពិសោន៍ធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើង នូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ។

លោកហេង សួរ
លោកហេង សួរ

លោករដ្ឋមន្រ្តី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ឱ្យព្យា​យាមអស់លទ្ធភាពស្វះស្វែង រកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃ ដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ ពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។

គម្រោងនេះបានចាប់ផ្តើមអនុវត្តន៍ ចាប់ពីចុងឆ្នាំ២០២៣ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here