តំណាងក្រុមហ៊ុនអាមេរិកជាង៨០០នៅកម្ពុជាបានផ្ញើរលិខិតសម្តែងការព្រួយបារម្ភទាក់ទងការបិទផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ថៃ

ដោយៈ ចំណាន

    ភ្នំពេញៈ តំណាង​ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា​ បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើ​ឲ្យ​ស្ថាន​ទូញបញ្ជូន​សារ​ទៅ​រដ្ឋាភិបាល​អាមេរិក​អំពី​ក្ដីបារម្ភ​របស់​ក្រុមហ៊ុនអាមេរិក ពាក់​ព័ន្ធ​នឹង​ការ​កំណត់របស់​យោធា​ថៃ​ថា កំពង់ផែរបស់កម្ពុជាថា “មាន​ហានិភ័យខ្ពស់” និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) បាន​សរសេរ​នៅក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ផ្ញើជូនលោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ដោយ​​លោក​បានស្នើសុំឱ្យស្ថានទូត ជម្រាបពីក្តីបារម្ភយ៉ាងខ្លាំងរបស់អាជីវកម្មអាមេរិក ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាលថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន​នេះ​ មានអាជីវកម្មដែលគ្រប់គ្រង ដោយ​ជនជាតិ​អាមេរិកប្រមាណ៨៦៥ក្រុមហ៊ុន​ បានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន​រាប់រយទៀតធ្វើការរួម​គ្នា ​ជាមួយក្រុមហ៊ុនផលិតរបស់កម្ពុជា ដើម្បីផលិតទំនិញសម្រាប់ម៉ាកយីហោអាមេរិក។

ក្រុមហ៊ុនទាំងនេះ តំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាមេរិកជាច្រើនពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យសម្រាប់គ្រួសារ និងអ្នកប្រើប្រាស់ទាំងកម្ពុជា និងអាមេរិក។

លោកបាននិយាយថា “ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ២០២៥ ជាមួយនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក”។ លោកបន្ថែមថា “ជនជាតិអាមេរិករាប់ពាន់នាក់ រស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសារ កូនៗ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជនជាតិអាមេរិកបានបង្កើតសាលារៀន និងសេវាថែទាំសុខភាព មួយចំនួននៅក្នុងប្រទេសកម្ពុជា”។

លោកបានសរសេរថា“ដូច្នេះហើយ យើងបានកត់សម្គាល់ដោយក្តីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់យោធាថៃ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយគំរាមកំហែងនឹងកំណត់កំពង់ផែរបស់កម្ពុជាថាជាហានិភ័យខ្ពស់ និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតតាមសមុទ្រ”។

កាលពីថ្ងៃទី១៤ ខែធ្នូ លោក​ Nara Khunkothom ជំនួយការអ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បាន​ថ្លែង​នៅមជ្ឈមណ្ឌលសារព័ត៌មានស្ថានភាពព្រំដែនថៃ-កម្ពុជា។ លោកបានពិពណ៌នាអំពីសំណើរបស់យោធាថៃក្នុងការទប់ស្កាត់ និងត្រួតពិនិត្យការដឹកជញ្ជូនប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ប្រទេសកម្ពុជា ក៏ដូចជាការប្រកា​សដែនទឹកជុំវិញកំពង់ផែរបស់កម្ពុជាថាជា “តំបន់ហានិភ័យខ្ពស់”។

លោក Barnett បាននិយាយថា “ការបិទផ្លូវប្រេងឥន្ធនៈនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា”។ លោកបន្ថែមថា “អាជីវកម្មអាមេរិកនឹងបិទទ្វារ ហើយគ្រួសារអាមេរិកនឹងប្រឈ​មមុខ នឹងបញ្ហាក្នុងការបំពេញតម្រូវការដឹកជញ្ជូន និងថាមពលប្រចាំថ្ងៃជាមូលដ្ឋាន រួមទាំងសម្រាប់សាលារៀន និងការព្យាបាលវេជ្ជសាស្ត្រផងដែរ។ ជនស៊ីវិលអាមេរិកនឹងរងទុក្ខ”។

យោងតាមលោកBarnett ពាណិជ្ជកម្មភាគច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការដឹកជញ្ជូនតាមសមុទ្រ។

ការកំណត់កំពង់ផែស៊ីវិលរបស់កម្ពុជាថា ជាហានិភ័យខ្ពស់នឹងធ្វើឱ្យថ្លៃធានារ៉ាប់រង និងការដឹកជញ្ជូន មិនអាចមានលទ្ធភាពទិញបាន ដែលនឹងបំផ្លាញពាណិជ្ជកម្ម ដែលកំពុងរីកចម្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

លោកបានបន្ថែមថា វាក៏នឹងរុញកម្មកររោងចក្រ ដែលក្រីក្រ និងងាយរងគ្រោះបំផុតជាងមួយលាននាក់ ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រផងដែរ។ ការគំរាមកំហែងរបស់ថៃចំពោះកំពង់ផែ និងការដឹកជញ្ជូនប្រេងឥន្ធនៈរបស់កម្ពុជា គឺជាការកើនឡើងនៃជម្លោះដែលមិនចាំបាច់ និងឃោរឃៅ ដែលបង្កការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនស៊ីវិល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here