មន្រ្តីអាមេរិកបង្ហាញសុទិដ្ឋនិយមជាមួយកម្ពុជាទាក់ទងការចចារពន្ឋបដិកាដែលនឹងមានលទ្ឋផលវិជ្ជមានបន្ថែមទៀត

ដោយៈ ចំណាន

    ភ្នំពេញៈ ការ​លើក​ឡើងរបស់​​​សមាជិករដ្ឋ​​សភាសហរដ្ឋអាមេរិក ​លោកស្រីBeth Van Duyne ស្តី​ពីទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​-អាមេរិក គឺ​ជា​ក្តី​សង្ឃឹម​មួយ​ ដែល​អាចអនុញ្ញាត​​ឱ្យ​​កម្ពុជា ​អាច​ទទួល​បាន​ផល​វិជ្ជមាន​បន្ថែម​ទៀត ​ពី​ដំណើរ​ការ​ចរចា​បញ្ចុះ​អត្រា​ពន្ធ​បដិការ​ សម្រាប់​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក។

សមាជិករដ្ឋសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរ គឺគណៈកម្មាធិការស្តីពីរបៀប និងមធ្យោ​បាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី Beth Van Duyne ហាក់​បង្ហាញ​ពី​ភាព​វិជ្ជមាន​សម្រាប់​កម្ពុជា​កិច្ច​ចរចា​ពន្ធ​បដិការ​រវាង​កម្ពុជា​-អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅលើ​បណ្តាញ​​សង្គម​ផ្ទាល់​ខ្លួន ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា(ម៉ោង​នៅ​កម្ពុជា) លោក​ស្រី Beth Van Duyne បាន​លើក​ឡើង​ពី​ក្តី​រីករាយ​ ដែល​លោកស្រី​បាន​ជួប​ពិភាក្សា ​ជា​មួយ​​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ស៊ុន ចាន់ថុល នៅទីក្រុង​​វ៉ាស៊ីងតោន ឌីស៊ី ដើម្បី​ពិភាក្សា​ពី​កិច្ចព្រមព្រៀងទាក់​ទង​នឹង ​ការ​កំណត់​ពន្ធ​បដិការ​ដែល​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតីអាមេរិក​ បាន​ដាក់​ចំពោះ​ទំនិញ​នាំ​ចូល​ពី​ប្រ​ទេស​កម្ពុជា។

លោក​ស្រីសរសេរ​ថា​ “​ក្នុង​នាម​ជា​សហប្រធាននៃក្រុមអ្នកតំណា​ងរាស្ត្រ​ប្រជុំ​ជា​មួយ​កម្ពុជា ខ្ញុំបានធ្វើការជាមួយដៃគូនៅកម្ពុជាអស់​រយៈពេ​លជាច្រើនឆ្នាំហើយ”។ លោកស្រីបន្ថែមថា “ខ្ញុំដឹងថា ពួកគេផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះកិច្ចព្រមព្រៀងថ្មីនេះ និងភាពជាដៃគូដ៏រឹងមាំជាមួ​យសហរដ្ឋអាមេរិក”។

ក្នុង​គោល​បំណង​កាត់​បន្ថយឱនភាព ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខ្លួន រដ្ឋាភិបាល​អាមេរិកកាល​ពី​ខែ​មេសា បាន​ប្រកាស​កំណត់​ពន្ធ​បដិការ​ថ្មី ​សម្រាប់គ្រប់​ប្រទេស​ដែល​នាំ​​ទំនិញ​ចូល​សហរដ្ឋអាមេរិក។

នៅ​ពេល​ប្រកាស​ដំបូង​សហរដ្ឋអាមេរិក បាន​កំណត់​យក​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​អត្រា៤៩% ដែល​ជា​អត្រា​ដ៏​ខ្ពស់​លើស​ប្រទេស​ភាគច្រើន​លើ​ពិភពលោក​។ ទោះយ៉ាង​ណា បន្ទាប់​ពី​ការ​ចរចា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​អាមេរិក បាន​សម្រេច​ទម្លាក់​មក​នៅ​ត្រឹម៣៦% មុន​នឹង​សម្រេច​ជាចុង​ក្រោយមក​​នៅ​ត្រឹម១៩%​។​

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា រួមមាន​ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី​Beth Van Duyne នៅ​ក្នុង​ទីក្រុង​​វ៉ាស៊ីន​តោន ឌីស៊ី សហរដ្ឋ​អាមេរិក។

គោល​បំណង​នៃ​ជំនួបនេះ ធ្វើឡើង​ដើម្បី​ពង្រឹងទំនាក់ទំនងពាណិ​ជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាមេរិក សម្រាប់ការវិនិយោគពីអាមេរិក​លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ បន្ថែម​លើ​នេះ ​ក៏​មាន​ការ​ពិភាក្សា​ពី​ការ​ខិតខំ​បន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ​ផងដែរ​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here