ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជានឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTExpo) លើកទី១៨ នៅសប្តាហ៍ទី១ នៃខែធ្នូខាងមុខ ដោយមានស្តង់តាំងបង្ហាញផលិតផល មានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ សរុបប្រមាណ២៥០ ក្នុងនោះប្រហែល៦០% ជាផលិតផលក្នុងស្រុក។
“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នឹងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក(Trade Renaissance: Local Products Empowerment”។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពិព័រណ៍នេះមានបេសកកម្ម ជួយជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិធំៗផងដែរ។
ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” ពិព៌ណនេះតំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជាដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។
ពាក្យ “យុគសម័យថ្មី” ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវ័ន្ត នៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTExpo) ដើមឡើយមានឈ្មោះ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល(CIEGE)” ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៦ និងទទួលបានជោគជ័យចំនួន១៧លើករួចមកហើយ។
ការផ្លាស់ប្តូរឈ្មោះពិព័រណ៍CIEGE ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ។
ក្រសួងពាណីជ្ជកម្មបានបញ្ជាក់ថា ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្ម នឹងផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំងបង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាព ដល់ការតាំងបង្ហាញរបស់អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងមានសុទិដ្ឋិនិយម និងជឿជាក់ថាពិព័រណ៍ CTExpo នៅឆ្នាំនេះ នឹងក្លាយជាបទពិសោធដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាក្នុងព្រឹត្តិការណ៍ជាច្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាដៃគូពាណិជ្ជកម្ម ដែលនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត ក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយពាណិជ្ជករជាច្រើនដែលមកពីជុំវិញពិភពលោក។
ក្រៅពីការដាក់តាំងបង្ហាញផលិតផល មានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូលCTExpo ក៏នឹងរៀបចំព្រឹត្តិការណ៍អមនានាបន្ថែមដូចជា ការតាំងបង្ហាញផលិតផល និងលក់ទំនិញ វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រីជាដើម។
យោងតាមក្រសួងពាណិជ្ជកម្មCTExpo ឆ្នាំ២០២៥ នេះនឹងមានការចូលរួមពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតី។
ព្រឹត្តិការណ៍រយៈពេល៤ថ្ងៃនេះ ក្រសួងរំពឹងនឹងទទួលអ្នកចូលរួមទស្សនាប្រមាណ៤០,០០០នាក់៕









