កម្ពុជា ចិនសហការគ្នាបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ភាសាចិនជាមួយការជម្រុញឲ្យពួកគេប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

ដោយៈ ម៉ាណា

    សៀមរាបៈ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប ក្រោមអថិបតីភាពលោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារជំនាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។

លោកជំទាវបានសង្កត់ធ្ងន់ថា “មគ្គុទ្ទេសក៍ទេសចរណ៍ ពុំអាចខ្វះបាននូវវគ្គតម្រង់ទិស គ្រប់គ្រង ត្រួតពិនិត្យ និងការចូលរួមជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធានាបាន នូវការលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ វិស័យទេស​ចរណ៍”។

លោកជំទាវបានបន្ថែមថា “ការគោរពនេះ នឹងធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍”។

ជាមួយគ្នានេះ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីឆ្លើយតបបានទាំងបរិមាណ និងគុណភាព តាមតម្រូវការជាក់ស្ដែង នៃការវិវត្តវិស័យទេសចរណ៍។

លោកជំទាវបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការបណ្ដុះបណ្ដាលក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបណ្ដុះបណ្ដាលនៅនឹងកន្លែង ជូនដល់សិក្ខាកាមដែលមានជំនាញស្រាប់។

ចំណែកលោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១០ថ្ងៃ ដោយមានគ្រូអ្នកជំនាញចិនដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ចំនួន៣រូប មកពីសាកលវិទ្យាល័យ និងសមាគមទេសចរណ៍ផ្សេងៗគ្នា នៅក្នុងខេត្តយូណាន។

សម្រាប់ប្រធានបទសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ការអភិវឌ្ឍអេកូទេសចរណ៍ សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ និងការប្រាស្រ័យទាក់ទងគ្នាឆ្លងវប្បធម៌។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានវិជ្ជាជីវៈពា​ណិ​ជ្ជកម្មអន្តរជាតិខេត្តយូណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចូលរួមជាសិក្ខាកាមចំនួន៥០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here