ដោយៈ ម៉ាណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសម្ពោធជាស៊េរី “កិច្ចសន្ទនាការនាំចេញ” ក្រោមប្រធានបទ “អនុលោមភាពតាមស្តង់ដារគុណភាពអន្តរជាតិដើម្បីការនាំចេញ”។
កម្មវិធីនេះមានការគាំទ្រ ដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា ក្រោមគម្រោងEU-German GATE។
ពិធីសម្ពោធកិច្ចសន្ទនាការនាំចេញនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ឋ។
ជាមួយក្នុងនេះផងដែរ ក៏មានការចុះហត្ថលេខាលើលិខិតសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)ប្រចាំកម្ពុជា។
គោលបំណងនៃការរៀបចំ កិច្ចសន្ទនានៃការនាំចេញនេះ គឺផ្តល់ឱកាស និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដែលមានបំណងស្វែងយល់អំពីការនាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ។
វាក៏ជាឱកាស ទទួលនូវចំនេះដឹង អំពីដំណើរការនាំចេញ និងគន្លឹះជាក់ស្តែង ដើម្បីជួយឱ្យអាជីវកម្មការនាំចេញ ប្រព្រឹត្តទៅបានត្រឹមត្រូវ ទាន់ពេលវេលា និងយល់ច្បាស់អំពីតម្រូវការនាំចេញ នៅក្នុងទីផ្សារអន្តរជាតិ។ ជាពិសេស កិច្ចសន្ទនានេះ អនុញ្ញាតអោយ អ្នកចូលរួម បានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងវាគ្មិន ដែលមានបទពិសោធន៍ការនាំចេញ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារអន្តរជាតិ។
លើសពីនេះ អ្នកចូលរួម អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមដ៏ទៃទៀត ដែលផ្តល់នូវលទ្ធភាពក្នុងការសហការគ្នា សម្រាប់ការនាំចេញផលិតផលរបស់ខ្លួននាពេលខាងមុខ។
នេះជាកិច្ចសន្ទនាការនាំចេញលើកទី១ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកិច្ចសន្ទនាការនាំចេញជាបន្តរបន្ទាប់ទៀត ក្នុងការជួយគាំទ្រដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា៕









