ដោយៈ និស្ស័យ
ភ្នំពេញៈ លោករ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមអន្តរក្រសួង សម្រាប់កិច្ចចរចាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ សរុបប្រមាណ៥០នាក់។
គោលបំណងនេះកិច្ចប្រជុំនេះគឺ ១) ដើម្បីពិភាក្សា និងឯកភាពលើសេចក្ដីព្រាងរបៀបវារៈនិង ដំណើរការនៃកិច្ចចរចា និង២) បែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នតាមរបៀបវារៈនីមួយៗ សម្រាប់កិច្ចចរចាស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕











