កម្ពុជាប្រមូលប្រាក់បានប្រមាណ៣៩០០លានដុល្លារពីការនាំចេញកសិផល

ដោយៈ និស្ស័យ

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៩ខែដំបូង កម្ពុជាបាននាំចេញកសិផលជាង១១លានតោន កើនឡើង៣០.៤៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងរកចំណូលប្រហែល៣.៨៩ពាន់លានដុល្លារ។

នេះបើយោងតាមរបាយការណ៍ចេញផ្សាយ កាលពីម្សិលមិញដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបន្ថែមថា ការនាំចេញសរុបដែលបានកត់ត្រាក្នុងមូលដ្ឋានទិន្នន័យភូតគាមជាតិ សម្រេចបានប្រមាណ១១,១៣លា​នតោន ក្នុងនោះមានដំណាំមិនមែនស្រូវចំនួន៥,៣លានតោន និងស្រូវចំនួន៥,៨៤លានតោន (ស្រូវ៥,២លានតោន និងអង្ករចំនួន ៥៩៦,៣៤៣តោន) នាំចេញទៅកាន់ប្រទេសចំនួន៨៤នៅក្នុងពិភព​លោក។

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកងិន ឆាយ បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ ការនាំចេញដំណាំរបស់កម្ពុជាបានកើនឡើងប្រហែល២.៦០ លានតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ការនាំចេញដំណាំមិនមែនស្រូវបានកើនឡើងចំនួន៣៤០,៥៧៧តោន ការនាំចេញស្រូវបានកើនឡើងជាង២លានតោន និងការនាំចេញអង្ករកើនឡើងចំនួន ១៥០,៤៣០តោន។

លោកបន្ត​ថា ទោះ​បី​ជា​ការ​នាំ​ចេញ​សរុប​ កើន​ឡើង៣០,៤៣ ភាគរយ​ក៏​ដោយ ក៏​ផលិតផល​មួយ​ចំនួន​បាន​ធ្លាក់​ចុះ។ ការនាំចេញដំឡូងមីស្រស់បានធ្លាក់ចុះជិត១៧ភាគរយ។ ទោះយ៉ាងណាក៏ដោយ ការនាំចេញដំឡូងមីស្ងួត និងម្សៅដំឡូងមីបានកើនឡើង ខណៈដែលកសិករបានផ្លាស់ប្តូរ ពីដំឡូងមីស្រស់ទៅជាទម្រង់ស្ងួត និងកែច្នៃសម្រា​ប់រក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

លោកបានបន្ថែមថា តាមពិតទៅ ការនាំចេញដំឡូងមីស្ងួតបានកើនឡើង ៥៧,៦២ ភាគរយ ខណៈម្សៅដំឡូងមីកើនឡើង ៨៣,៤៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here