ស្ពានមិត្តភាពកម្ពុជា ចិន មេគង្គខេត្តក្រចេះបន្តបើកដំណើរការរហូតដល់ដើមខែតុលាខាងមុខ

ដោយៈ ម៉ាណា

    ក្រចេះ,ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រោយថ្ងៃទី១ ខែតុលា  ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើ​ម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា ការងារស៊ុតកៅស៊ូACការងារគូសគំនូសចរាចរណ៍ ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេ​ចការសាងសង់ស្ទើរ១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាច​រណ៍ចំនួន២គន្លងទៅ-មក។ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន២គន្លងទៅ-មក ប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ក្រសួងបានឲ្យដឹងទៀតថា ចំណែកផ្លូវតភ្ជាប់ប្រវែងជាង៣២គីឡូម៉ែត្រ រួមមាន ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង១៥គីឡូ​ម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់៧សង់ទីម៉ែត្រដូចគ្នា។

ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត២៧គីឡូម៉ែត្រ ស្ថាបនាពង្រី​កទទឹងចាប់ពី៩ម៉ែត្រ រហូតដល់១៣ម៉ែត្រ លើតួផ្លូវចាប់ពី១១ម៉ែត្រ រហូតដល់ជិត២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង៥គីឡូម៉ែត្រ ពង្រីកទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង៤ម៉ែត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here