ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលដែលអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានសម្រេចបង្កើនផលិតកម្មប្រេងឆៅក្នុងបរិមាណទាបជាងការរំពឹងទុក។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងនៃការផ្គត់ផ្គង់ប្រេង ដោយសារលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្សុីបានបើកការវាយប្រហារផ្លូវអាកាសធំបំផុតលើប្រទេសអ៊ុយក្រែន ដោយបានធ្វើឱ្យឆាបឆេះអគាររដ្ឋាភិបាលក្នុងរដ្ឋធានីកៀវ (Kyiv)។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេនដល់៦៦,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៤សេនដល់៦២,៥ដុល្លារក្នុងមួយបារ៉ែល៕







