ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងយុត្តិធ៌ម សហការជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុបានចុះអនុស្សរណៈ (MOU)នៃការយោគយល់គ្នាទាក់ទងការសម្របសម្រួលវិវាទហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួលផ្សះផ្សាវិវាទ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា(MOU)នេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។
លោកបានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
បន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានការរៀបចំកម្មវិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លើប្រធានបទ “ការពង្រឹងប្រសិទ្ធភាព នៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ក្នុងការអនុវត្តលេីការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសលើវិវាទពាក់ព័ន្ធនឹងបំណុល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ៕








