ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្តុកប្រេងឆៅ និងស្តុកប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើពិភពលោក បានធ្លាក់ចុះលើសពីការរំពឹងទុក។
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៦លានបារ៉ែលមកនៅត្រឹម៤២០,៧លានបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ១,៨លានបារ៉ែល។
ចំណែក ស្តុកប្រេងសាំងបានធ្លាក់ចុះ២,៧លានបារ៉ែល បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ៩១៥.០០០បារ៉ែល។ តួលេខទាំងនេះជាសញ្ញាបង្ហាញពីកំណើននៃតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេនដល់ត្រឹមដល់៦៦,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0055 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៥សេនដល់៦២,៨៦ដុល្លារក្នុងមួយបារ៉ែល៕







