ដោយៈ ម៉ាណា
ព្រះសីហនុៈ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយក្រសួងពាណិជ្ជកម្ម និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារ សម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម”។
សិក្ខាសាលានេះធ្វើឡើង ដោយមានការក្រោមការគាំទ្រពីសហគ្រិនខ្មែរ(KE) ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបានចីរភាពលើទីផ្សារ សម្រាប់ម្ចាស់សហគ្រាសនានា។
សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អនុប្រធាន សមាជិក-សមាជិកា មន្ទីរអង្គភាពពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ សិប្បករ ប្រមាណ៧០នាក់។
លោក មីន កុម្ភៈ បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា ស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្មមានសារៈសំខាន់ណាស់ សម្រាប់សុវត្ថិភាព និងគុណភាពដល់អ្នកប្រើប្រាស់ ដូច្នេះម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ត្រូវគិតអំពីស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្មរបស់ខ្លួនឱ្យបានល្អ ដើម្បីជាផលប្រយោជន៍យូរអង្វែង ជាពិសេសស្ថិតនៅក្នុងបរិបទ ដែលប្រជាជនកម្ពុជាកំពុងចាប់អារម្មណ៍ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឱ្យផលិតផលនាំចូល ។
លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកឡើងពីសារៈសំខាន់ នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។
លោកក៏បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ ដែលទទួលបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ ជាមួយនឹងប្រធានបទ និងការបកស្រាយយ៉ាងក្បោះក្បាយ ពីអ្នកជំនាញមកពីវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ ជូនដល់អ្នកចូលរួម ក្នុងបង្កើនចំណេះដឹងអំពីស្តង់ដារផលិតកម្ម បង្កើនគុណភាពផលិតផល បង្កើនទំនុកចិត្តពីអតិថិជនជាតិ និងអន្ដរជាតិ។
បន្ថែមពីនេះ សម្រាប់ខេត្តព្រះសីហនុ ដែលជាតំបន់គោលដៅអភិវឌ្ឍសេដ្ឋកិច្ច តំបន់ទេសចរណ៍ និងឧស្សាហកម្ម ការពង្រឹងស្ដង់ដារជាជំហានសំខាន់មួយ ក្នុងការបង្កើតឱកាសវិនិយោគថ្មី និងលើកកម្ពស់ស្ដង់ដារប្រព័ន្ធឧស្សាហកម្ម ឱ្យបានសមស្របទៅពេលអនាគត៕










