ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាលgo.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម។
ថ្លែងក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣១ កក្កដា លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាល go.gov.kh នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។
បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានា តាមរយៈតំណភ្ជាប់ (Link/URL) ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានបន្តថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មាន ដែលមានប្រភពត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។
ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការនេះ ត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបាន ពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕








