ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ និស្ស័យ
ភ្នំពេញៈ ថ្នាក់ដឹកនាំសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) និងធនាគារជាតិនៃកម្ពុជា (NBC)បានពិភាក្សាគ្នា ទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង។
កិច្ចពិភាក្សានេះធ្វើឡើងរវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
គោលបំណងនៃជំនួបនេះ គឺដើម្បីឱ្យក្រុមការងារ IFC ប្រចាំកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមក ទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។
បន្ថែមលើនេះ លោកស្រី Towfigua ក៏បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានជម្រាបជូនពីការតាំងចិត្តរបស់IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជា ការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធ។
លោកស្រីក៏បានរំលេច ពីការទទួលបានអនុសាសន៍ណែនាំមួយចំនួនសម្រាប់ឱ្យIFC ធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏មានការបញ្ជាក់ ឱ្យបន្តការប្រើប្រាស់ធនធានរបស់ IFC ក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយIFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីគោលដៅរួម ក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ ធនាគារជាតិនៃកម្ពុជាក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានា ពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន៕